Glossary
កម្មសិទ្ធិ
កម្មសិទ្ធិ គឺជាសិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ដែលរួមបញ្ជូលទាំងសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យជាដើម ។
កម្មសិទ្ធិករ
កម្មសិទ្ធិករ សំដៅដល់បុគ្គលដែលជាម្ចាស់លើទ្រព្យអ្វីមួយ ។
កម្មវត្ថុ
កម្មវត្ថុ សំដៅលើ “រឿងនៃការងារ” ឬប្រធានបទ/បញ្ហាដែលត្រូវធ្វើ ឬត្រូវអធិប្បាយក្នុងការងារ ឯកសារ ឬសំបុត្រ។
ករណីកិច្ចផ្តាច់មុខ
ករណីកិច្ចផ្តាច់មុខ ជាករណីកិច្ចដែលផ្សារភ្ជាប់ទៅនឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយដែលមិនត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម។
កាតព្វកិច្ច
កាតព្វកិច្ច គឺជាពាក្យមួយសំដៅចំពោះចំណងតាមផ្លូវច្បាប់ ឬកិច្ចសន្យាដែលចងបុគ្គលពីរនាក់ ឬច្រើនដោយតម្រូវអោយបុគ្គលម្នាក់ៗមានករណីយកិច្ចជាក់លាក់មួយចំនួន ចំពោះបុគ្គលម្នាក់ ឬច្រើនទៀត ។
កាតព្វកិច្ចសារពើពន្ធ
កាតព្វកិច្ចសារពើពន្ធ វាក្យសព្ទនេះសំដៅដល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធនេះត្រូវបំពេញស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ
ក្រុង/ទីក្រុង
ក្រុង ជាឯកតារដ្ឋបាលក្រោមខេត្ត ស្រដៀងនឹងស្រុក ដែលត្រូវបានតែងតាំងអភិបាលដោយអនុក្រឹត្យ និងគ្រប់គ្រងសង្កាត់-ភូមិ។
ក្រសួងម.ដ.ន.ស.ស
ក្រសួងម.ដ.ន.ស.ស គឺសំដៅលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី។
ការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ
ការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ គឺជាការចុះបញ្ជីផ្លាស់ប្តូឈ្មោះពីឈ្មោះម្ចាស់កម្មសិទ្ធិករទី១ ទៅជាឈ្មោះម្ចាស់កម្មសិទ្ធិករ ទី២ នៅពេលមានការ ទិញលក់អចលនទ្រព្យ ដើម្បីអោយត្រឹមត្រូវតាមនិតិវិធីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះបញ្ជីធំមួយទូទាំងតំបន់ (ឃុំ/សង្កាត់) ដោយគាំទំរងដោយនីតិវិធីច្បាប់ និងការរៀបចំទិន្នន័យដីធ្លីជាមូលដ្ឋានគ្រឹះ។ រដ្ឋាភិបាលជាអ្នក “ផ្តួចផ្តើម” និងកំណត់តំបន់ណាមួយថា ត្រូវបើកការចុះបញ្ជីជាប្រព័ន្ធ ហើយអាជ្ញាធរដែនដី ធ្វើការវាស់វែង ការកត់ត្រា និងចុះបញ្ជីដីនៅក្នុងមូលដ្ឋានទិន្នន័យប្រព័ន្ធ។
ការចុះបញ្ជីបំពេញបន្ថែម
ការចុះបញ្ជីបំពេញបន្ថែម គឺជាការស្នើសុំចុះបញ្ជីអត្តសញ្ញាណដីធ្លីបំពេញបន្ថែមរបស់ម្ចាស់ដីដែលមិនបានចូលរួមនូវ នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ
ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ គឺជាការស្នើសុំក្នុងការចុះបញ្ជីកសាងក្បាលដីក្នុងតំបន់ឬទីតាំងដីធ្លីដែលមិនទាន់បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។
ការបំបែកក្បាលដី
ការបំបែកក្បាលដីប័ណ្ណកម្មសិទ្ធិ គឺជាបំបែក្បាលដីជាចំណែកស្មើៗគ្នាហើយចេញប័ណ្ណកម្មសិទ្ធិថ្មី ពីមន្ទីរសុរិយោដី អោយទៅម្ចាស់កម្មសិទ្ធិ ម្នាក់មួយប័ណ្ណ។
ការបង្រួមក្បាលដី
ការបង្រួមក្បាលដី សំដៅដល់ការបញ្ចូលក្បាលដីជាច្រើន ដែលជាប់ៗគ្នាឱ្យក្លាយជាក្បាលដីតែមួយ ហើយចុះបញ្ជីកម្មសិទ្ធិតែមួយ ចំពោះនិតិវិធី នៃការចុះបញ្ជីបង្រូមក្បាលដី គេត្រូវអនុវត្តន៍តាមគោលការណ៍ជាធរមាន។
ការទិញលក់
ការទិញលក់ គឺជាកិច្ចព្រមព្រៀងរវាងភាគីពីរ ដែលម្នាក់ឈ្មោះថាអ្នកលក់ ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យ ឲ្យម្នាក់ទៀតឈ្មោះថាអ្នកទិញ ហើយអ្នកទិញបង់ប្រាក់ជាថ្លៃទិញវិញ។
ក្បាលដី
ក្បាលដី គឺជាផ្នែកឬ “យូនីត” ដែលគេគូរ ឬដាក់ឈ្មោះឱ្យដើម្បីសម្គាល់បរិវេណដីមួយមានជើងរាវច្បាស់ (ឧ. ដីសួន ដីផ្ទះ ដីផ្តល់សិទ្ធិបន្ទាប់ពីចុះបញ្ជីកម្មសិទ្ធិ)។ ផ្ទៃដីមួយឯកឯងដែលមានព្រំប្រទល់ និងការបញ្ជាក់ចែកចាយច្បាស់លាស់ (ដូចជាកម្មសិទ្ធិប្រើប្រាស់ ឬរកក្បាលដីមួយក្នុងប្លង់ដី / ឯកសារចុះបញ្ជីដី)។
ខណ្ឌ
ខណ្ឌ គឺជាផ្នែកដែនដីក្នុងទីក្រុងធំៗ ដែលមានសង្កាត់ច្រើន និងត្រូវបានគ្រប់គ្រងដោយចៅហ្វាយខណ្ឌ ឬអភិបាលខណ្ឌ។ វាស្រដៀងនឹងស្រុកក្នុងខេត្ត ប៉ុន្តែប្រើសម្រាប់តំបន់អភិវឌ្ឍន៍ខ្ពស់។
ខេត្ត
ខេត្ត គឺជាផ្នែកដែនដីធំមួយ ដែលបែងចែកពីទឹកដីព្រះរាជាណាចក្រកម្ពុជា រួមជាមួយរាជធានីភ្នំពេញ ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់។ នៅក្នុងប្រព័ន្ធរដ្ឋបាលកម្ពុជា ខេត្តជាឯកតារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។
គណៈកម្មការសុរិយោដី
គណៈកម្មការសុរិយោដី គឺជាស្ថាប័នក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា។ វាត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ ចុះថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ២០០២ ។
គណៈកម្មការរដ្ឋបាល
គណៈកម្មការរដ្ឋបាល ក្នុងបរិបទរដ្ឋបាលកម្ពុជា ជាស្ថាប័នបណ្តោះអាសន្នដែលបង្កើតឡើងដោយអភិបាលខេត្ត/ក្រុង សម្រាប់ដឹកនាំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងដោះស្រាយវិវាទដីធ្លីដែលកើតឡើងក្នុងអំឡុងពេលនោះ ។ ហើយវាមានតួនាទីជាគណៈកម្មការរដ្ឋបាលសុរិយោដី ដែលរួមមានសមាជិកពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីវិនិច្ឆ័យវិវាទបែបដាច់ដោយឡែក ឬទូទៅ ក្នុងតំបន់វិនិច្ឆ័យជាក់លាក់
ឃុំ/សង្កាត់
«ឃុំ» និង «សង្កាត់» គឺជាអង្គភាពរដ្ឋបាលថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ទីតាំងភូមិសាស្ត្រ៖
ច្បាប់
ច្បាប់ គឺជាលិខិតបទដ្ធានគតិយុត្តដែលអនុម័តដោយអង្គការនិតិបញ្ញត្តិ (សភា) និងចូលជាធរមានតាមរយៈព្រះរាជក្រមប្រកាសអោយប្រើ
ចរន្តការ
ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬការផ្លាស់ប្តូរដោយយោងតាមឯកសារគតិយុត្ត ។
ចលនទ្រព្យ
ចលនទ្រព្យ សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា ចលនទ្រព្យ សំដៅដល់ មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដូចជាយន្តហោះ រថភ្លើង កប៉ាល់ សាឡង់ ទូក កាណូត រថយន្ត ម៉ូតូ ដែលបានចុះបញ្ជី ឬមិនចុះបញ្ជីដោយស្ថាប័នមានសមត្ថកិច្ច ។
ញាតិ/រង្វង់ញាតិ
ញាតិ/រង្វង់ញាតិ សំដៅដល់ទំនាក់ទំនងជិតស្និទ្ធជាសាច់សាលោហិត និង ញាតិពន្ធរវាង៖
- ឪពុកម្តាយបង្កើត និងកូនបង្កើត
- ប្តី និងប្រពន្ធ
- បងប្អូនបង្កើត និងបងប្អូនបង្កើត
- យាយ-តា និងចៅបង្កើត
- យាយ-តាក្មេក និងចៅប្រសារ
- ឪពុកម្តាយក្មេក និងកូនប្រសារ។
ដី
ដី ក្នុងភាសាខ្មែរ មាននិយមន័យចម្បងគឺសំដៅលើផ្ទៃដី ដីខ្សាច់ ឬសារធាតុល្បាយនៅស្រទាប់ខាងលើនៃផែនដី ដែលកើតពីការបំផ្លាញថ្ម និងសំណល់សរីរាង្គ។ វាក៏មានន័យបន្ថែមដូចជាដែនដី ទឹកដី ឬតំបន់រដ្ឋបាលធំៗក្នុងប្រវត្តិសាស្ត្រកម្ពុជា។
តតិយជន
តតិយជន ជនទីបីក្នុងរឿង ។ អ្នកដទៃ ឬអ្នកក្រៅ ។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និងអ្នកទិញ ។
តំកល់ទុក
តំកល់ទុក មានន័យថា ការអនុវត្តកាតព្វកិច្ចធម្មតាសម្រេចរក្សាឯកសារ ឬសំណុំរឿងទុកដោយមិនចាំបាច់ចាត់ការបន្ត ដែលជានីតិវិធីមួយរបស់អយ្យការ។
តំណាង
តំណាង គឺជាពាក្យខ្មែរមានន័យថា រូបតាង ឬ អ្នកតំណាង។ វាសំដៅលើអ្នកដែលធ្វើកិច្ចការជំនួសគេ តំណាងក្រុម ឬអំណាចណាមួយ។
តំបនវិនិច្ឆ័យ
តំបន់វិនិច្ឆ័យ គឺជាតំបន់ដីជាក់លាក់មួយដែលរដ្ឋបានប្រកាសជាផ្លូវការដើម្បីធ្វើការចុះបញ្ជីសិទ្ធិកម្មសិទ្ធិដីធ្លីប្រព័ន្ធ (Systematic Land Registration)។ វាជាជំហានដំបូងបំផុតក្នុងនីតិវិធីចុះបញ្ជីដី ដែលអាជ្ញាធររាជធានី-ខេត្ត ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ និងប្រកាសជាសាធារណៈ។
តម្លៃចលនវត្ថុ
តម្លៃចលនវត្ថុ សម្រាប់កម្មវត្ថុនៃប្រតិបត្តិការភតិសន្យា តម្លៃចលនវត្ថុ សំដៅដល់តម្លៃសុទ្ធ បន្ទាប់ពីការបញ្ចុះតម្លៃដែលអ្នកផ្គត់ផ្គង់លក់ទៅឱ្យភតិបតី ប៉ុន្តែមិនរួមបញ្ចូល ថ្លៃដើមហិរញ្ញវត្ថុ និងចំណាយផ្សេងៗរបស់ភតិបតីទេ។
តម្លៃចារឹក
តម្លៃចារឹក គឺជាវាក្យសព្ទហិរញ្ញវត្ថុ ដែលត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងបរិបទផ្សេងៗនៃផ្នែកហិរញ្ញវត្ថុ។ សម្រាប់មូលបត្រភាគហ៊ុន (Stocks) និងសញ្ញាប័ណ្ណ (Bonds) វាក្យសព្ទតម្លៃចារឹកនេះ គឺ សំដៅដល់តម្លៃដើមនៃមូលបត្រ ដែលផ្ទុយពីតម្លៃទីផ្សារ ឬជាតម្លៃ ដែលត្រូវបានបោះពុម្ព ចារឹកនៅលើប័ណ្ណភាគហ៊ុន។
តម្លៃចុះកិច្ចសន្យា
តម្លៃចុះកិច្ចសន្យា សំដៅដល់តម្លៃលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា។សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា តម្លៃចុះកិច្ចសន្យា សំដៅដល់តម្លៃ លើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
ថ្លៃលក់នៃទ្រព្យ
ថ្លៃលក់នៃទ្រព្យ សំដៅដល់តម្លៃលក់ ឬផ្ទេរទ្រព្យដោយភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញ- លក់ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងករណីដែលរដ្ឋបាលសារពើពន្ធ រកឃើញថាថ្លៃលក់ដែលបានកំណត់នៅក្នុងកិច្ចសន្យាទិញ-លក់ មានតម្លៃ ទាបជាងទីផ្សាររដ្ឋបាលសារពើពន្ធមានសិទ្ធិកំណត់ឡើងវិញ នូវថ្លៃលក់នៃទ្រព្យដោយផ្អែកលើតម្លៃទីផ្សារ ឬតម្លៃដែលកំណត់នៅក្នុងឧបសម្ព័ន្ធនៃ ប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់ អចលនទ្រព្យ ឬតម្លៃដែលកំណត់ដោយគណៈកម្មការ វាយតម្លៃទ្រព្យនៃពន្ធលើចំណេញមូលធន។
ទម្រង់ពន្ធដារ
ទម្រង់ពន្ធដារ សំដៅដល់ទម្រង់បំពេញដោយដៃ ឬអេឡិចត្រូនិក ដែលកំណត់ដោយ រដ្ឋបាលសារពើពន្ធសម្រាប់អ្នកជាប់ពន្ធធ្វើការប្រកាសជូនរដ្ឋបាល សារពើពន្ធដើម្បីជួយសម្រួលដល់កិច្ចការរបស់រដ្ឋបាលសារពើពន្ធក្នុង ការកំណត់ពន្ធ និងប្រមូលពន្ធដែលជំរុញឱ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ច ត្រឹមត្រូវតាមច្បាប់។
ទិន្នន័យ
ទិន្នន័យ សំដៅដល់ ព័ត៌មានដែលប្រមូលបានសម្រាប់ធ្វើការពិនិត្យ ពិចារណា និងធ្វើជា មូលដ្ឋានសម្រាប់ធ្វើការសម្រេចចិត្តលើការងារអ្វីមួយ ។ បណ្ដុំអក្សរ លេខ និមិត្តសញ្ញា រូបភាពសំឡេងដែលប្រើដោយ កុំព្យូទ័រ។
ទាយាទ
អ្នកដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់ ។ ឧទាៈ កូនជាទាយាទរបស់ឪពុក ម្តាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។
ទំហំ
ទំហំ សំដៅលើសភាព ឬរាងរៅនៃអចលនវត្ថុ ចំនួនច្រើន ឬតិច ឬក៏អំណាច ឥទ្ធិពល និងសមត្ថភាព។
ទ្រព្យសម្បត្តិសាធារណៈ
ទ្រព្យសម្បត្តិសាធារណ ទ្រព្យដែលត្រូវរក្សាអោយគង់រូបតាមធម្មជាតិរបស់វាដើម្បីទុកអោយអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជាៈ ស្ពាន ថ្នល់ ...។ ល ។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាយុកាលទេ ។
ទីកន្លែងនៃទ្រព្យសកម្ម
ទីកន្លែងនៃទ្រព្យសកម្ម សំដៅដល់ទីកន្លែងដែលទ្រព្យសកម្មស្ថិតនៅ ដែលទាក់ទងទៅដល់ ការកំណត់សិទ្ធិអំណាចរបស់រដ្ឋបាលសារពើពន្ធក្នុងដែនយុត្តាធិការ ណាមួយ។ សម្រាប់ការអនុវត្តក្នុងប្រទេស ជាច្រើនទីកន្លែងរបស់ អចលនទ្រព្យស្ថិតនៅក្នុងប្រទេសមួយអាចផ្តល់អំណាចឱ្យប្រទេសនោះ យកពន្ធលើប្រាក់ចំណូលដែលបានពីអចលនទ្រព្យនោះ ដែលអាចទទួល បានពីប្រាក់ចំណេញមូលធនដែលកើតចេញពីការផ្ទេរសិទ្ធិ បើទោះបីជា ម្ចាស់ទ្រព្យនោះមិនមែនជានិវាសនជននៃប្រទេសនោះក្តី។
ទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិ សំដៅដល់ទ្រព្យគ្រប់ប្រភេទ ដែលមានដូចជា ចលនទ្រព្យ ឬអចលនទ្រព្យ ទ្រព្យរូបី ឬទ្រព្យអរូបី និងឯកសារ ឬឧបករណ៍គតិយុត្ត ដែលជាភស្តុតាងនៃ កម្មសិទ្ធិ ឬអត្ថប្រយោជន៍លើទ្រព្យទាំងនេះ។ ទ្រព្យសម្បត្តិមានរួមបញ្ចូល ទ្រព្យសម្បត្តិជំនួសរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមាន តម្លៃស្មើនឹង ទ្រព្យសម្បត្តិ ដែលជាកម្មវត្ថុនៃការបង្កក ការឃាត់ទុក និងការរឹបអូស។
ទ្រព្យសម្បត្តិឯកជន
ទ្រព្យសម្បត្តិឯកជន ទ្រព្យរបស់សង្គមដែលមិនសម្រាប់ឲជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន។
ទ្រព្យផ្ទាល់ខ្លួន
ទ្រព្យផ្ទាល់ខ្លួន សំដៅដល់ទ្រព្យទាំងឡាយណាដែលអាចផ្លាស់ទីតាំងបាន លើកលែងតែអចលនទ្រព្យ ឬវត្ថុដែលភ្ជាប់នឹងអចលនទ្រព្យនោះ។
នីតិបុគ្គល
នីតិបុគ្គល ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិកនៃខ្លួន ។ ឧទាៈ ពុទ្វិកសមាគមជានីតិបុគ្គល.ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែល ។
នីតិបុគ្គលនៃនីតិសាធារណ:
នីតិបុគ្គលនៃនីតិសាធារណ: ក្រុមរាជការសាធារណៈ ។ ឧទាៈ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈ ដូចជាសកលវិទ្យាល័យជាដើម ។
នីតិបុគ្គលនៃនីតិឯកជន
នីតិបុគ្គលនៃនីតិឯកជន សមាគម ក្រុមហ៊ុន ក្រុមមូលនិធី ។
នីតិវិធី
នីតិវិធី វិធីដែលតុលាការប្រើប្រាស់ ដើម្បីចាត់ចែងរឿងក្តីតាំងពីដើមរហូតដល់ចប់ ។
ប័ណ្ណ
ប័ណ្ណ លិខិតដែលមានរូបមន្តថាភូត (ដែលមានរូបភាព និង ទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ ។
ប័ណ្ណកម្មសិទ្ធិ
ប័ណ្ណកម្មសិទ្ធិ គឺជាឯកសារផ្លូវច្បាប់ដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិលើដីធ្លីជាផ្លូវការតាមច្បាប់កម្ពុជា។
ប័ណ្ណភោគៈ
ប័ណ្ណភោគៈ គឺជាឯកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុបណ្តោះអាសន្ន ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា។ វាមិនមែនជាប័ណ្ណកម្មសិទ្ធិពេញលេញទេ ប៉ុន្តែបង្កើតជាសិទ្ធិភោគៈលើដី ឬទ្រព្យសម្បត្តិ។
ប័ណ្ណដីធ្លី
ប័ណ្ណដីធ្លី គឺជាវិញ្ញាបនបត្រផ្លូវច្បាប់ ដែលបញ្ជាក់ថា “ដីនោះជាកម្មសិទ្ធិរបស់អ្នកណា” និងមានព្រំដែនច្បាស់លាស់តាមការចុះបញ្ជីជាមួយរាជរដ្ឋាភិបាល។
ប័ណ្ណសម្គាល់សិទ្ធិ (ប័ណ្ណស្លាបមាន់)
ប័ណ្ណសម្គាល់សិទ្ធិ វាសំដៅលើឯកសារដែលបញ្ជាក់ការកាន់កាប់ជាក់ស្តែងលើដីធ្លី ឬអចលនវត្ថុ ប៉ុន្តែមិនមែនជាកម្មសិទ្ធិពេញលេញ (ប្លង់រឹង)
ប្លង់ទន់
ប្លង់ទន់ គឺជាប្រភេទឯកសារបង្ហាញកម្មសិទ្ធិដីធ្លី ឬអចលនទ្រព្យនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ត្រឹមកម្រិតមូលដ្ឋាន (ដូចជាសង្កាត់ ឃុំ ឬស្រុក)។ វាមិនត្រូវបានចុះបញ្ជីជាតិនៅក្រសួងរៀបចំដែនដីទេ ប៉ុន្តែនៅតែត្រូវបានប្រើជាទូទៅសម្រាប់ការផ្ទេរកម្មសិទ្ធិ។
ប្លង់រឹង
ប្លង់រឹង គឺជាឯកសារផ្លូវការ បង្ហាញពីកម្មសិទ្ធិដីធ្លី ឬអចលនទ្រព្យ ដែលមានភាពរឹងមាំបំផុតតាមច្បាប់នៅកម្ពុជា។ វាចេញផ្លូវការដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលស្គាល់កម្រិតជាតិ។
បច្ចុប្បន្នភាព
បច្ចុប្បន្នភាព សំដៅដល់ការធ្វើអ្វីមួយឱ្យកាន់តែទំនើប និង ទាន់សម័យ ឬការកែតម្រូវព័ត៌មាន/ទិន្នន័យ ការផ្តល់ព័ត៌មាន/ទិន្នន័យ ស្របតាមស្ថានភាពជាក់ស្តែង។ឧ. កែតម្រូវព័ត៌មានស្តីពីលេខម៉ាស៊ីនរថយន្តឱ្យត្រូវតាមប័ណ្ណសម្គាល់ យានយន្ត ជាដើម។
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ
បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ នៅក្នុងបរិបទពន្ធដារកម្ពុជា បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ សំដៅដល់ សក្ខីបត្រ ដែលបញ្ជាក់អំពីការបង់ប្រាក់ពន្ធជូនរដ្ឋបាលសារពើពន្ធទៅតាម ប្រភេទពន្ធនីមួយៗរបស់សហគ្រាសនៅធនាគារដៃគូជាមួយអគ្គនាយកដ្ឋាន ពន្ធដារ។
បន្ទុកពន្ធ
បន្ទុកពន្ធ ក្នុងន័យពន្ធដារ បន្ទុកពន្ធ សំដៅដល់ចំនួនពន្ធសរុប ដែលត្រូវបង់ជូន រដ្ឋដោយបុគ្គល ឬសហគ្រាស។ល។សម្រាប់កម្មវត្ថុនៃហិរញ្ញវត្ថុសាធារណៈ បន្ទុកពន្ធ ឬអនុបាតពន្ធ នៅក្នុងប្រទេសមួយ ត្រូវបានគណនាដោយកំណត់យកការបង់ពន្ធ សរុបសម្រាប់ឆ្នាំជាប់ពន្ធជាក់លាក់ជាប្រភាគ ឬជាភាគរយនៃ ផលិតផលជាតិសរុប (GNP) ឬចំណូលជាតិសម្រាប់ឆ្នាំនោះ។
ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬ ប្លង់ក្បាលដី
ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬ ប្លង់ក្បាលដី: ប្លង់រួមនៃដីតំបន់ណាមួយដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែង គូរបំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេទទេស ហើយដាក់លេខក្បាលដី ឬដីឡូត៍យ៉ាងច្បាស់លាស់ ។
បន្ធូរបន្ថយពន្ធ
បន្ធូរបន្ថយពន្ធ វាក្យសព្ទនេះ សំដៅដល់កម្មវិធីឬគោលនយោបាយទាំងឡាយណារបស់រដ្ឋាភិបាល ដេលបង្កើតឡើងសម្រាប់ជួយសម្រាល ឬបន្ថយចំនួនឬបន្ទុកពន្ធដែលត្រូវបង់ដោយអ្នកជាប់ពន្ធ។
ប្រទានកម្ម
ប្រទានកម្ម ការអោយ-អំណោយ ។
ប្រើប្រាស់អចលនទ្រព្យ
ប្រើប្រាស់អចលនទ្រព្យ សំដៅដល់ការប្រើប្រាស់ផ្ទះ អគារ ឬសំណង់សម្រាប់សកម្មភាពអាជីវកម្ម ឬ ស្នាក់នៅដោយមិនគិតថាការប្រើប្រាស់ ឬការស្នាក់នៅនោះមានលក្ខណៈ ជាប់លាប់ ឬមួយដងមួយគ្រាឡើយ។
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ គឺជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុឬប្លង់ដាច់ដោយដុំ គឺជាប័ណ្ណបញ្ជាក់ពីសិទ្ធិ កាន់កាប់មួយប្រភេទដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ-ក្រុង-រាជធានី។
ប្លង់ប្រពន្ធ័ LMAP
ប្លង់ប្រពន្ធ័ LMAP គឺសំដៅលើ ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។ ប្រព័ន្ធវាស់ប្លង់ដីដែលមានឈ្មោះថាអិលម៉ែប (គម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី) ត្រូវបានបង្កើតនៅប្រទេសកម្ពុជាដើម្បីបង្កើនការធានាដល់សិទ្ធិកាន់កាប់ដីធ្លី។កូអរឌីណេជីភីអអេស (GPS) បានចុះឈ្មោះដីឡូត៏ទាំងអស់នៅក្នុងប្រទេសនៅក្រោមគោលការណ៍ជាក់លាក់។ ប្រសិនបើអ្នកមានប្លង់អិលម៉ែបព្រំប្រទល់ដីមានការព្រមព្រៀងគ្នារវាងអ្នកជិតខាង ដូច្នេះជំលោះព្រំប្រទល់ដីបានដោះស្រាយរួចរាល់ហើយ។នេះគឺជាប្រភេទប្លង់ដែលមានសុវត្ថិភាពបំផុតមួយ។
បុគ្គលមានសិទ្ធិចុះបញ្ជី
បុគ្គលមានសិទ្ធិចុះបញ្ជី គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិត្រឹមត្រូវតាមច្បាប់ ដើម្បីដាក់ពាក្យសុំឲ្យបញ្ចូលឈ្មោះ ឬព័ត៌មានរបស់ខ្លួន ទៅក្នុងបញ្ជីផ្លូវការរបស់រដ្ឋ ដូចជាបញ្ជីអចលនវត្ថុ បញ្ជីក្រុមហ៊ុន ឬបញ្ជើម៉ាក។
បុគ្គលមានកាតព្វកិច្ចចុះបញ្ជី
មានន័យថា ជាអ្នកដែលច្បាប់បានដាក់ កាតព្វកិច្ចលើខ្លួន ក្នុងការទៅផ្តល់ព័ត៌មាន និងឲ្យបញ្ចូលខ្លួនឬទ្រព្យសម្បត្តិទៅក្នុងបញ្ជីផ្លូវការ ក្នុងកាលកំណត់និងនីតិវិធី។
ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់កម្មវត្ថុនៃការប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ សំដៅដល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពី រូបវន្តបុគ្គល ឬនីតិបុគ្គលទៅរូបវន្តបុគ្គល ឬនីតិបុគ្គលដទៃទៀត តាមរយៈ ការទិញ-លក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជា អចលនទ្រព្យក្នុងក្រុមហ៊ុន ទោះបីអចលនទ្រព្យនោះបានចុះបញ្ជី (មាន ប័ណ្ណកម្មសិទ្ធិ) ឬមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ក្តី។
ពន្ធ
ពន្ធ នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ពន្ធ” សំដៅដល់ពន្ធ និងអាករ ទាំងឡាយ។ ពាក្យថា “ពន្ធ” គឺសំដៅដល់ការកំណត់បន្ទុកហិរញ្ញវត្ថុ ជាកំហិតដោយរដ្ឋាភិបាលចំពោះអ្នកជាប់ពន្ធ (រូបវន្តបុគ្គល ឬនីតិបុគ្គល) សម្រាប់ទ្រទ្រង់ ចំណាយរបស់រដ្ឋាភិបាល និងចំណាយលើវិស័យ សាធារណៈជាច្រើនប្រភេទទៀត។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះគឺជាប្រភេទពន្ធដែលរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវបង់នៅពេលផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចជា ការទិញ-លក់ ឬការដោះដូរ ឬ ការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
ពន្ធលើការផ្ទេរទ្រព្យ
ពន្ធលើការផ្ទេរទ្រព្យ ជាប្រភេទពន្ធម្យ៉ាងដែលគេកំណត់លើការផ្ទេរទំនិញ ឬសិទ្ធិ ។ល។ (ឧទាហរណ៍ : ដូចជាការទិញ និង/ឬការលក់មូលបត្រ និងអចលនទ្រព្យ ជាដើម)។នៅកម្ពុជា ពន្ធលើការផ្ទេរទ្រព្យនេះហៅថាពន្ធប្រថាប់ត្រា។
ពន្ធលើប្រាក់អោយខ្ជីទិញអចលនទ្រព្យ
ពន្ធលើប្រាក់អោយខ្ជីទិញអចលនទ្រព្យ យោងតាមសទ្ទានុក្រមរបស់ OECD ពន្ធលើប្រាក់ឱ្យខ្ចីសម្រាប់ទិញ អចលនទ្រព្យ (Mortgage Tax) ដែលជាធម្មតាមានទម្រង់ជាពន្ធ ប្រថាប់ត្រាលើឯកសារ Mortgage។ នៅប្រទេសមួយចំនួនពន្ធលើប្រាក់ឱ្យខ្ចីសម្រាប់ទិញអចលនទ្រព្យ នេះ គឺសំដៅទៅលើពន្ធលើការប្រាក់ ដែលទទួលបានពីប្រាក់ឱ្យខ្ចី សម្រាប់ទិញអចលនទ្រព្យ។
ព្រំប្រទល់
ព្រំប្រទល់ សំដៅលើទីបំផុតនៃដែនដីដែលប្រទេស ឬតំបន់ប្រទល់គ្នា។
ភូមិ
ភូមិ គឺជាបំណែងចែករដ្ឋបាលថ្នាក់មូលដ្ឋានតូចជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
ភ្នាក់ងារសេវាកម្មពន្ធដារ
ភ្នាក់ងារសេវាកម្មពន្ធដារ សំដៅដល់បុគ្គលដែលមានជំនាញខាងផ្នែក គណនេយ្យ និងវិស័យពន្ធដារ ដែលទទួលបាននូវការបណ្តុះបណ្តាលស្តីពីរ បៀបរៀបចំ និងការដាក់លិខិតប្រកាសពន្ធ ព្រមទាំងទទួលបានអាជ្ញាប័ណ្ណ ភ្នាក់ងារសេវាកម្មពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារ។ ភ្នាក់ងារសេវាកម្ម ពន្ធដារ មានសិទ្ធិធ្វើជាអ្នកតំណាងជំនួសមុខឱ្យអ្នកជាប់ពន្ធក្នុងការបំពេញ កាតព្វកិច្ចសារពើពន្ធ បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់ជាអ្នកតំណាងពី អ្នកជាប់ពន្ធ។
មូលដ្ធានគឹតពន្ធលើអចលនទ្រព្យ
មូលដ្ធានគឹតពន្ធលើអចលនទ្រព្យ សំដៅដល់មូលដ្ឋាននៃការគិតពន្ធលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីផ្ទាល់ បន្ទាប់ពីកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។ តម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារ ដោយ គណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលបង្កើតដោយប្រកាសរបស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មូលដ្ធានកំណត់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
មូលដ្ធានកំណត់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ថ្លៃដីសម្រាប់ធ្វើជាមូលដ្ឋានកំណត់ពន្ធ ដោយគិត តាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ តាមរយៈការវាយតម្លៃ ជាឯកតាក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដី មិនបានប្រើប្រាស់។
ម្ចាស់កម្មសិទ្ធិ
ម្ចាស់កម្មសិទ្ធិ គឺជាបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិពេញលេញលើទ្រព្យសម្បត្តិ រួមទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងដោយសេរី ។
មរតក
មរតក សំដៅដល់ទ្រព្យសម្បត្តិពិត ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលត្រូវបាន ទទួលដោយអ្នកទទួលមរតក។
មូលហេតុ
មូលហេតុ ដែលសំដៅលើបុព្វហេតុ ឬកត្តាដែលធ្វើឱ្យកើតមានផលលទ្ធផ្សេងៗ។ វាត្រូវបានប្រើប្រាស់ទូទៅក្នុងវាក្យសាស្ត្រ ច្បាប់ និងការវិភាគបញ្ហា។
រាជធានី
រាជធានី ក្នុងន័យរដ្ឋបាល គឺជាឯកតារដ្ឋបាលថ្នាក់ខេត្ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សារាជធានី និងគណៈអភិបាលរាជធានី។ វាសំដៅលើទឹកដីរដ្ឋបាលដូចគ្នានឹងខេត្ត ប៉ុន្តែប្រើសម្រាប់ទីក្រុងធំដែលជារាជធានី ដូចជារាជធានីភ្នំពេញ។
រដ្ឋបាលសុរិយោដី
រដ្ឋបាលសុរិយោដី គឺជាស្ថាប័នរដ្ឋនៅកម្ពុជា ដែលទទួលខុសត្រូវលើការគ្រប់គ្រង និងចុះបញ្ជីដីធ្លី។ វាស្ថិតនៅក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការរៀបចំ និងប្រព្រឹត្តទៅត្រូវបានកំណត់ដោយអនុក្រឹត្យ ស្របតាមច្បាប់។ វាជួយធានាសិទ្ធិកម្មសិទ្ធិដីឲ្យច្បាស់លាស់។
លក់ផ្តាច់
ការលក់ផ្តាច់ ឬ លក់ផ្តាច់មុខ គឺជាប្រព័ន្ធអាជីវកម្មដែលបុគ្គល ឬសហគ្រាសមួយទទួលសិទ្ធិពិសេសក្នុងការផលិត និងលក់ទំនិញ ឬសេវាកម្មជាក់លាក់មួយដោយគ្មានគូប្រកួតប្រជែង។ វាមិនស្ថិតក្នុងរចនាសម្ព័ន្ធទីផ្សារធម្មតា ព្រោះវាផ្តល់អំណាចផ្តាច់មុខដល់អ្នកលក់។
លេខាចារឹក
លេខាចារឹក ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូមមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុអោយបានត្រឹមត្រូវតាមច្បាប់ ។
លេខក្បាលដី
លេខក្បាលដី សំដៅលើ លេខសម្គាល់វិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ។
លេខបណ្តឹង
លេខបណ្តឹង គឺលេខត្រួតពិនិត្យសម្រាប់ដាក់ពាក្យបណ្តឹងក្នុងប្រទេសកម្ពុជា។ វាត្រូវបានប្រើក្នុងប្រព័ន្ធផ្លូវការ និងឯកជនសម្រាប់ការទទួលបណ្តឹងអនឡាញ។
លក់ដោយបង្ខំ
លក់ដោយបង្ខំ សំដៅដល់វិធានដែលប្រើប្រាស់ក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដើម្បីលក់ វត្ថុដែលរឹបអូសយកប្រាក់ទៅសងម្ចាស់បំណុល តាមលិខិតអនុវត្ត សាលក្រម សាលដីកា លិខិតយថាភូតរបស់សារការីជាអាទិ៍។ ការលក់ ដោយបង្ខំត្រូវសម្រេចដោយដីកាសម្រេចរបស់តុលាការ អនុវត្តតាមពាក្យសុំ របស់ម្ចាស់បំណុល ក្នុងករណីដែលមានលក្ខណៈត្រឹមត្រូវ ដើម្បី ទទួលស្គាល់ពាក្យសុំនោះ។
លក្ខខណ្ឌ
លក្ខខណ្ឌ គុណភាពដែលត្រូវមាន ឬខដែលត្រូវបំពេញអោយគ្រប់ចំនួន ដើម្បីអោយបានសម្រេចបំណងណាមួយ។
លិខិតបញ្ជាក់
លិខិតបញ្ជាក់ សំដៅដល់លិខិតជាលាយលក្ខណ៍អក្សរជាផ្លូវការសម្រាប់ បញ្ជាក់ស្ថានភាពអ្វីមួយ។
លិខិតយថាភូត
លិខិតយថាភូត លិខិតធ្វើតាមរូបមន្តនៃច្បាប់ ដូចជាលិខិតបញ្ជាកជាដើម។
លិខិតផ្ទេរសិទ្ធិ
លិខិតផ្ទេរសិទ្ធិ សំដៅដល់លិខិតស្នាមដែលបុគ្គលម្នាក់ជាម្ចាស់សិទ្ធិ ចាត់តាំងបុគ្គល ផ្សេងទៀតធ្វើជាភ្នាក់ងារ ឬជាតំណាងរបស់ខ្លួន ហើយផ្តល់សិទ្ធិអំណាចជូន អ្នកតំណាងឱ្យបំពេញកិច្ចការជាក់លាក់ណាមួយ ឬសកម្មភាពផ្សេងៗ ក្នុងនាមម្ចាស់សិទ្ធិ។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (និយមហៅថាប្លង់អិលម៉ែបL-Map)។
សង្កាត់
សង្កាត់ គឺជាអង្គភាពរដ្ឋបាលថ្នាក់ទាបបំផុតនៅក្នុងរាជធានី និងក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
ស្រុក
ស្រុក សំដៅលើកម្រិតរដ្ឋបាលដែលតូចជាងខេត្ត ប៉ុន្តែធំជាងឃុំ
សន្តតិកម្ម
សន្តតិកម្ម ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់ ។ មតិកឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ ( អ្នកបន្តមតិក )
សៀវភៅគោលបញ្ជីដី
សៀវភៅគោលបញ្ជីដី បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ ។ ទាក់ទង នឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និងធ្វើចរន្តការតាមលំដាប់ពេលវេលា ។
សំរង់សុរិយោដី
សំរង់សុរិយោដី សេចក្តីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និង គតិយុត្តក្នុងវិស័យសុរីយោដី ពីស្ថានភាពជាក់ស្តែងលើដីយកមកកសាងជាឯកសារសុរិយោដីដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ ។
សាវតា
សាវតា គឺសំដៅ ឈ្មោះឪពុក ម្តាយ ។
សិទ្ធិកាន់កាប់ដីធ្លី
សិទ្ធិកាន់កាប់ដីធ្លី សំដៅដល់សិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង ឬអាគារ។
ហ៊ីប៉ូតែក
ហ៊ីប៉ូតែក គឺសំដៅលើ សិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬដោយគតិយជនមិនផ្ទេរការកាន់កាប់។
អចលនទ្រព្យដែលបានចុះបញ្ជី
អចលនទ្រព្យដែលបានចុះបញ្ជី សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និង សំណង់ផ្សេងៗ ដែលមានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ឬវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណប្រហាក់ ប្រហែល ដែលចេញដោយរដ្ឋបាលសុរិយោដី។
អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី
អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និង សំណង់ផ្សេងៗដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬផ្ទះសម្បែង ដែលចេញដោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ (ឃុំ សង្កាត់ ឬក្រុង- ស្រុក ខណ្ឌ)។
អនុគ្រោះពន្ធ
អនុគ្រោះពន្ធ សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ការអនុគ្រោះ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលទទួលបានការ អនុគ្រោះពន្ធប្រថាប់ត្រាដោយត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិត ពន្ធប្រថាប់ត្រាចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការ ធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះ ការធ្វើប្រទានកម្ម។
អចលនវត្ថុ
អចលនវត្ថុ គឺសំដៅលើ ដីធ្លីនិងសំណង់ អគារដែលតាំងភា្ជប់នឹងដី។
អច្ចយទាន
អច្ចយទាន គឺសំដៅលើ សំបុត្របណ្តាំដែលផ្តាំអោយចែកទ្រព្យមតិកណាមួយអោយទៅជន ណាម្នាក់ ឬច្រើននាក់ ។
អត្តសញ្ញាណ
អត្តសញ្ញាណ គឺសំដៅលើ សញ្ញាទាំងអស់នៃជនម្នាក់ៗដែលជាគ្រឿងសំគាល់កុំអោយភាន់ច្រឡំ នឹងជនម្នាក់ទៀត ។
អវិភាគកម្ម
អវិភាគកម្ម គឺសំដៅលើ ភាពដែលចែកគ្នាមិនបាន។ ឧទាៈ ផ្ទះមួយជាមរតករបស់កូន៥នាក់ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយចាមិនខាន។ដូច្នេះផ្ទះនេះជាមរតកអវិភាគ ។
អ្នកកាន់កាប់
អ្នកកាន់កាប់ សម្រាប់កម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ពាក្យនេះសំដៅដល់ រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលពុំមានប័ណ្ណសម្គាល់កម្មសិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ឬវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយ រដ្ឋបាលសុរិយោដី។
អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលរួមមានអ្នកទិញ ឬអ្នកទទួលអំណោយ ឬអ្នកដោះដូរ អចលនទ្រព្យ។
អាជ្ញាធរ
អាជ្ញាធរ អ្នកទ្រទ្រង់អំណាច អ្នករាជការដែលកាន់អំណាច ។
អាណាព្យាបាល
អាណាព្យាបាល បុគ្គលដែលមានភារកិច្ចតំណាងអោយអនីតិជន ។
អឌ្ឍសិទ្ធិ
អឌ្ឍសិទ្ធិ ដែលមានសិទ្ធិពាក់កណ្តាលម្នាក់ ដែលជារបស់ជនពីរនាក់និង ជាព្រំនៃកម្មសិទ្ធិនៃជនទាំងពីរនាក់នោះផល។ ឧទាៈ ជញ្ជាំងអឌ្ឍសិទ្ធិ គឺជញ្ជាំងរបស់ជនពីរនាក់ដែលមានផ្ទះជាប់គ្នា ។
ឯកសារវិនិច្ឆ័យ
ឯកសារវិនិច្ឆ័យ គឺជាឯកសារផ្លូវការដែលត្រូវបានរៀបចំឡើងក្នុងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីកំណត់ព្រំដី ម្ចាស់កម្មសិទ្ធិ និងលក្ខខណ្ឌដី។